CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»

អំពី​សាវតា​ទូទៅ

​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៥៦ ជំពូកទី៥ បាន​ចែង​​ថា “ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ ការរៀបចំ និងការប្រព្រឹត្តទៅនៃ​ប្រព័ន្ធសេដ្ឋកិច្ចនេះ នឹងមានកំណត់ក្នុងច្បាប់” ដើម្បីជំរុញល្បឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឆាប់រហ័ស។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនឹងជំរុញឱ្យសកម្មភាពផលិតកម្ម ផលិតភាព ពាណិជ្ជកម្ម និងសេវាកម្មមានការប្រកួតប្រជែង។

ដោយយល់ឃើញអំពីភាពចាំបាច់នេះ រាជរដ្ឋាភិបាលបានរៀបចំកម្មវិធីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ត្រង់ចំណុចទី១ មុំទី៤នៃចតុកោណទី៣ ដើម្បីជំរុញការរៀបចំនិងអនុម័តច្បាប់ស្តីពីការប្រកួតប្រជែង ដែលជាក្របខ័ណ្ឌសម្រាប់ជំរុញការប្រកួតប្រជែង ពង្រឹងរចនាសម័្ពន្ធឧស្សាហកម្ម រៀបចំយន្តការសម្រាប់អនុវត្តច្បាប់ និងលើកកម្ពស់វប្បធម៌ប្រកួតប្រជែង។

ទន្ទឹមនឹង​ក្រប​ខ័ណ្ឌច្បាប់ និង​ភាព​ចាំបាច់​នៃការ​ពង្រឹងនិង​អភិវឌ្ឍសេដ្ឋកិច្ច​ ក៏មាន​ហេតុ​ផល​ជា​ច្រើន​ទៀត​ដែល​តម្រូវ​ និង​ជំរុញ​ឱ្យ​កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​ច្បាប់​ស្តីពីការ​ប្រកួត​ប្រជែង ដែល​ក្នុង​នោះរួម​មាន​៖ កាតព្វកិច្ច​ក្នុង​នាម​ជាសមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កិច្ច​សន្យា​ក្នុង​នាម​ជា​សមាជិក​អាស៊ាន​ ក្រោមផែនការសកម្មភាពស្ដីពីការប្រកួតប្រជែងរបស់អាស៊ានដែលបានដាក់ផែនទីបង្ហាញផ្លូវឱ្យបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ ត្រូវចាប់ផ្តើមអនុវត្តគោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែងនៅឆ្នាំ២០១៥ និង​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ជាច្រើន​ដែល​បាន​មក​ពី​គោលនយោបាយនិង​ច្បាប់​ស្តីពីការ​ប្រកួត​ប្រជែង​ក្នុង​ឆាក​អន្តរជាតិទាំង​ក្នុង​តំបន់និង​ពិភពលោក។

គួរ​បញ្ជាក់ផងដែរថា សមាជិកអាស៊ាន ០៩ ក្នុងចំណោម ១០ បានអនុម័តច្បាប់ស្តីពីការប្រកួតប្រជែងរួច​មកហើយ​ ដែល​ប្រទេសកម្ពុជា​ជាប្រទេស​ទី១០ នឹង​តម្រូវ​ឱ្យ​អនុម័ត​ច្បាប់​នេះ។

ប្រទេសកម្ពុជា បានធ្វើការបេ្តជា្ញដើម្បីបង្កើតច្បាប់ស្តីពីការប្រកួតប្រជែងតាំងពីឆ្នាំ២០០៦ ដោយមានជំនួយពីជំនាញការអន្តរជាតិមួយចំនួន និងមានឯកសារជាច្រើនទៀតដែលត្រូវបានរៀបចំ។ គួរកត់សម្គាល់ផងដែរថា ច្បាប់ស្តីពីការប្រកួតប្រជែង គឺជាបទប្បញ្ញត្តិមានលក្ខណៈសេដ្ឋកិច្ចនិងមានភាពស្មុគស្មាញ ហើយមានវិសាលភាព​គ្រប​ដណ្តប់​​លើ​សេដ្ឋកិច្ចជាតិនិងមានភាពខុសគ្នាឆ្ងាយពីបទប្បញ្ញត្តិដទៃផ្សេងទៀត។ ដោយសារតែភាពស្មុគស្មាញ និងវិធីសាស្ត្រផ្សេងៗគ្នារបស់ទីប្រឹក្សាអន្តរជាតិ ដែលមកពីប្រទេសដែលមានយុត្តាធិការផ្សេងៗគ្នា ប្រទេសកម្ពុជាបាន​រៀបចំកែសម្រួល​លើសេចក្តីពា្រងច្បាប់ស្តីពីការប្រកួតប្រជែងរបស់ខ្លួនស្ទើរតែទាំងអស់ឡើងវិញ នៅពេល​មានការ​ផ្លាស់​ប្តូរ​ជំនាញការអន្តរជាតិនីមួយៗ​ ដែលបានជួយ​គាំទ្រ​ដល់​ការ​តាក់តែងសេចក្តីព្រាងច្បាប់នេះ។

សេចក្តីព្រាងច្បាប់​ស្តីពីការ​ប្រកួត​ប្រជែង​ បាន​​ទទួលបានការ​ឯកភាព​ទាំង​ស្រុងដោយ គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា ហើយ​ក្រសួង​ពាណិជ្ជកម្ម​សង្ឃឹម​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​ទទួល​បាន​ការ​អនុម័ត​ជា​ស្ថាពរនា​ចុង​ឆ្នាំ២០២១ខាង​មុខ​នេះ។

រូបភាពកិច្ចប្រជុំជាមួយ​​គណៈកម្មការ​ទី៩នៃ​រដ្ឋសភា ការពារ​លើសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង

អំពីសមាសភាព

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា នឹងត្រូវបង្កើតឡើងដោយអនុក្រឹត្យតាមរយៈច្បាប់ស្តីពីការប្រកួតប្រជែង ដែលនឹងត្រូវអនុម័តឱ្យប្រើនាពេលដ៏ខ្លីខាងមុខនេះ។ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលសរសេរជាអក្សរកាត់ថា «គ.ប.ក.» ត្រូវដឹកនាំដោយប្រធាន ០១(មួយ)រូប ដែលជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានអនុប្រធាន និងសមាជិកមួយចំនួន មកពីក្រសួង ស្ថាប័នពាក់ព័ន្ធតាមការចាំបាច់។

គ.ប.ក. ក៏នឹងត្រូវមានសមាជិកដែលជាបុគ្គលឯករាជ្យផ្សេងទៀតរួម​មាន អតីតចៅក្រម បុគ្គលមានចំណេះដឹងនិងបទពិសោធន៍ផ្នែកច្បាប់ និងបុគ្គលមានចំណេះដឹងនិងបទពិសោធន៍ផ្នែកសេដ្ឋកិច្ច។ សមាជិកគ.ប.ក. ទាំងអស់​ត្រូវ​ទទួលបាន​​អាណត្តិ ០៥(ប្រាំ)ឆ្នាំ។

អំពីតួនាទី និងភារកិច្ច

គ.ប.ក. មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- រៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្រ្តដែលទាក់ទងដល់ការប្រកួតប្រជែង។

- ផ្ដល់យោបល់លើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលពាក់ព័ន្ធដល់ការប្រកួតប្រជែង

     ជូនរាជរដ្ឋាភិបាល។

- ស្នើសុំរាជរដ្ឋាភិបាលធ្វើការកែសម្រួលឬវិសោធនកម្មលើលិខិតបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិដែលប៉ះពាល់ 

     ដល់ការប្រកួតប្រជែង។

- ចេញសេចក្ដីសម្រេច ចេញវិធានការផ្អាកឬឃាត់ទុកជាបណ្តោះអាសន្ន និងធ្វើការផាកពិន័យជាប្រាក់។

- បង្កើតបែបបទនិងនីតិវិធីនៃការគណនាប្រាក់ផាកពិន័យ។

- បង្កើតវិធានទាក់ទងនឹងទំនាស់ផលប្រយោជន៍របស់សមាជិកគ.ប.ក.

- រៀបចំលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។

- រៀបចំលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ការអនុញ្ញាតចំពោះការព្រមព្រៀងឬសកម្មភាពណាមួយពាក់ព័ន្ធនឹង

​     ការប្រកួតប្រជែង។

- រៀបចំលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ការអនុញ្ញាតជាសមូហភាពចំពោះការព្រមព្រៀងឬសកម្មភាពណាមួយ

     ពាក់ព័ន្ធនឹងការប្រកួតប្រជែង។

១០- រៀបចំលក្ខខណ្ឌនិងនីតិវិធីអំពីគោលការណ៍អនុគ្រោះលើការផាកពិន័យជាប្រាក់។

១១- ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការជាមួយស្ថាប័នឬបញ្ញត្តិករមានសមត្ថកិច្ច​ជាតិ រដ្ឋបរទេស និងអន្តរជាតិពាក់ព័ន្ធនឹង

        ការប្រកួតប្រជែង។

១២- ទទួលពាក្យបណ្តឹង។ ១៣- បង្កើតបទប្បញ្ញត្តិនិងវិធានផ្សេងៗទៀត ដែលជាសមត្ថកិច្ចរបស់គ.ប.ក. ពាក់ព័ន្ធនឹងការប្រកួតប្រជែង។

Share with others