
(ខេត្តព្រៃវែង)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម ក្រោមគម្រោង EU-German GATE បានរៀបចំសិក្ខាសាលាស្ដីពី «បញ្ជ្រាបចំណេះដឹងអំពីសិទ្ធិ និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ជូនដល់និស្សិតសាកលវិទ្យាល័យ (CAMPUS)» ជូនដល់និស្សិតសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ក្រោមអធិបតីភាព លោក ង៉ែត ចេក អគ្គនាយករង តំណាង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និង លោកសាស្ត្រាចារ្យ មាស ធឿន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីតំណាងគម្រោង EU-German GATE សាស្រ្តចារ្យ និស្សិតនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សរុបប្រមាណ ៣៥៦នាក់។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់និស្សិតដែលជាទំពាំងស្នងឬស្សី ឱ្យបានយល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់ រួមមានចំណេះដឹងអំពីសិទ្ធិ និងទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ ដំណោះស្រាយក្នុងនាមជាអ្នកប្រើប្រាស់ស្របតាមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងការអនុវត្តផ្ទាល់ក្នុងការដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ព្រមទាំងយល់ដឹងអំពីសារៈសំខាន់នៃការការពារសិទ្ធអ្នកប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចឌីជីថលដែលរួមមានពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
សូមគូសបញ្ជាក់ថាកន្លងមកសិក្ខាសាលាបញ្ជ្រាបចំណេះដឹងអំពីសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់នេះបានធ្វើនៅចំនួន ៧លើក រួចមកហើយ ដោយនេះគឺជាលើកទី៨ ដែលត្រូវបានរៀបចំឡើងជូនដល់និស្សិតនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។
អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យដាក់ពាក្យបណ្ដឹងមកកាន់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៅពេលជួបប្រទះនូវបទល្មើសពាក់ព័ន្ធនឹងការបំពានសិទ្ធិអ្នកប្រើប្រាស់ តាមរយៈលេខទូរសព្ទ ១២៦៦ គេហទំព័រ www.ccfdg.gov.kh ឬតាមរយៈ CCF Complain App៕


Share with others