

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងនៃក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពអឺរ៉ុប និងប្រទេសអាល្លឺម៉ង់ បានរៀបចំសិក្ខាសាលាស្តីពី «ការការពារសិទ្ធិអ្នកប្រើប្រាស់៖ ការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន» និងការចូលរួមអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ ផលិតផលមានសុវត្ថិភាព និងអ្នកប្រើប្រាស់ដែលមានទំនុកចិត្ត។
សិក្ខាសាលានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅរកការពង្រឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង ព្រមទាំងគូសបញ្ជាក់ពីទំនួលខុសត្រូវរួមរបស់រាជរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិលក្នុងការកសាងទីផ្សារប្រកបដោយយុត្តិធម៌ តម្លាភាព និងបរិយាបន្ន សំដៅដល់ការពារសិទ្ធិនិងអត្ថប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានលើកឡើងថា ជំនឿទុកចិត្តរវាងអ្នកទិញ និងអ្នកលក់គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ខណៈពេលដែលប្រទេសកម្ពុជាយើងកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។ លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងដោយស្មើភាព មិនត្រឹមតែជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរស្តម្ភនៃការលើកកម្ពស់ និងការការពារសិទ្ធិរបស់ក្រុមជនងាយរងគ្រោះ ជាពិសេសអ្នកប្រើប្រាស់ដែលមានពិការភាព ដើម្បីធានាថាពួកគេអាចចូលរួមយ៉ាងពេញលេញនៅក្នុងទីផ្សារដោយភាពជឿជាក់ និងសេចក្តីថ្លៃថ្នូរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមទាំងសហភាពអឺរ៉ុប និងប្រទេសអាល្លឺម៉ង់ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ពួកគេសម្រាប់ដំណើរការកំណែទម្រង់របស់កម្ពុជា ដោយសង្កត់ធ្ងន់ថា ការការពារអ្នកប្រើប្រាស់និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ក៏ដូចជាកិច្ចការប្រកួតប្រជែង មានសារៈសំខាន់សម្រាប់កំណើនប្រកបដោយចីរភាពនៅក្នុងសេដ្ឋកិច្ចឌីជីថល។
លោក Koen Everaert លេខាធិការទី១ និងជាអនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចការពារអ្នកប្រើប្រាស់ ដែលមិនត្រឹមតែសម្រាប់សុវត្ថិភាពកម្រិតបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការកសាងនូវទំនុកចិត្ត និងដំណើរការនៃទីផ្សារទាំងមូលផងដែរ។ ក្រោមប្រធានបទនៃការរៀបចំសិក្ខាសាលាឆ្នាំនេះ គឺ «ផលិតផលមានសុវត្ថិភាព និងអ្នកប្រើប្រាស់ដែលមានទំនុកចិត្ត» លោកបានកត់សម្គាល់ថា ទំនុកចិត្តរបស់អ្នកប្រើប្រាស់គឺជាកាតាលីករសំខាន់ជំរុញដល់ការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ ការបង្កើតថ្មី និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។
សិក្ខាសាលានេះក៏បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនរវាងក្រសួងពាណិជ្ជកម្ម តាមរយៈអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅកម្ពុជា (EuroCham) តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់ និងការប្រកួតប្រជែងដោយស្មើភាព។ ភាពជាដៃគូនេះ នឹងពង្រឹងការប្តេជ្ញាចិត្តក្នុងការតម្រឹមនិងបន្ស៊ីការអនុវត្តតាមឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងធានាបាននូវបរិយាបន្ន និងការផ្តល់អំណាចដល់អ្នកប្រើប្រាស់ដែលមានពិការភាពចូលរួមដោយស្មើភាពគ្នានៅក្នុងវិស័យសេដ្ឋកិច្ច។
សិក្ខាសាលានេះបានទទួលការគាំទ្រផ្នែកបច្ចេកទេសទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) GmbH នៅកម្ពុជា និងសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប និងក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសហព័ន្ធអាល្លឺម៉ង់ (BMZ) ដែលកិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការពង្រឹងក្របខ័ណ្ឌការពារអ្នកប្រើប្រាស់នៅទូទាំងតំបន់អាស៊ាន ក៏ដូចជាការលើកកម្ពស់ភាពប្រកួតប្រជែងនៃការនាំចេញរបស់កម្ពុជាកាន់ទីផ្សារអឺរ៉ុប និងអន្តរជាតិ។



ចែករំលែក