CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មបន្តចុះផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់នៅសាកលវិទ្យាល័យបៀលប្រាយ

12 ខែ​ធ្នូ, 2025

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយគម្រោង EU-German GATE បានរៀបចំសិក្ខាសាលាស្ដីពី «បញ្ជ្រាបចំណេះដឹងអំពីសិទ្ធិ និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ជូនដល់និស្សិតសាកលវិទ្យាល័យ (CAMPUS)» នៅសាកលវិទ្យាល័យបៀលប្រាយ (សាខាសែនសុខ) ក្រោមអធិបតីភាព លោក ង៉ែត ចេក អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោកបណ្ឌិត ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការសិក្សា នៃសាកលវិទ្យាល័យបៀលប្រាយ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីតំណាងគម្រោង EU-German GATE សាស្រ្តចារ្យ និស្សិតនៃសាកលវិទ្យាល័យ បៀលប្រាយសរុបប្រមាណ ១៤៥រូប។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់និស្សិតដែលជាទំពាំងស្នងឬស្សី ឱ្យបានយល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់ រួមមានចំណេះដឹងអំពីសិទ្ធិ និងទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ ព្រមទាំងដំណោះស្រាយក្នុងនាមជាអ្នកប្រើប្រាស់ស្របតាមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងការអនុវត្តផ្ទាល់ក្នុងការដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងយល់ដឹងអំពីសារៈសំខាន់នៃការការពារសិទ្ធអ្នកប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចឌីជីថលដែលរួមមានពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

សូមគូសបញ្ជាក់ថាកន្លងមកសិក្ខាសាលាបញ្ជ្រាបចំណេះដឹងអំពីសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់នេះបានធ្វើនៅចំនួន៥លើក រួចមកហើយ ដោយនេះគឺជាលើកទី៦ ដែលត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យបៀលប្រាយ (សាខាសែនសុខ)។

អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យដាក់ពាក្យបណ្ដឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. នៅពេលជួបប្រទះនូវបទល្មើសពាក់ព័ន្ធនឹងការបំពានសិទ្ធិអ្នកប្រើប្រាស់ តាមរយៈលេខទូរសព្ទ ១២៦៦ គេហទំព័រ www.cffdg.gov.kh ឬតាមរយៈ CCF Complaint App៕

ចែករំលែក