(ព្រះសីហនុ)៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» សហការជាមួយ កម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ក្រោមគម្រោងពាណិជ្ជកម្មតំបន់ដើម្បីការអភិវឌ្ឍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី ហេង ម៉ូលីយ៉ាណែត អ្នកគ្រប់គ្រងគម្រោង RT4D ប្រចាំប្រទេស។
សមាសភាពចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះមានចំនួនប្រមាណ ១៧០នាក់ ដែលរួមមានតំណាងសភាពាណិជ្ជកម្ម តំណាងសមាគមសហគ្រិនស្រ្តីកម្ពុជា តំណាងសមាគមសហគ្រិនវ័យក្មេង តំណាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា វិស័យឯកជន មន្ទីរ ស្ថាប័នជុំវិញខេត្តព្រះសីហនុ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មន្ទីរពាណិជ្ជកម្មនិងសាខា ក.ប.ប. ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ព្រមទាំងអាជីវករ ម្ចាស់សហគ្រាស/អាជីវកម្មដែលជាស្ត្រី ក្រុមអ្នកទទួលបានសេវាគាំទ្រតិចតួច សាស្រ្តាចារ្យ និងសិស្សនិស្សិត។ល។
សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងដល់ភាគីពាក់ព័ន្ធសំខាន់ៗខាងលើអំពីច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងជំរុញកិច្ចសន្ទនា សម្របសម្រួលវេទិកាសម្រាប់ការចូលរួមរវាងស្ថាប័នសាធារណៈ និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងកំណត់ឱ្យឃើញពីតម្រូវការនៃការគាំទ្រទាក់ទងនឹងការអនុវត្តច្បាប់ ជាពិសេសបានធ្វើការផ្លាស់ប្តូរ ចែករំលែកនូវបទពិសោធន៍ល្អៗ ការស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈមនានា និងបន្តទំនាក់ទំនងគ្នា ព្រមទាំងចូលរួមគោរពក៏ដូចជាគាំទ្រដល់ការអនុវត្តច្បាប់ឱ្យទទួលបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផល។ សូមបញ្ជាក់ផងដែរថា សិក្ខាសាលានាថ្ងៃនេះ គឺជាសិក្ខាសាលាតាមតំបន់លើកទី៣ ក្នុងឆ្នាំ២០២៥ ក្រោមគម្រោង RT4D នៃកម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង RCEP ហើយធាតុចូល បញ្ហាប្រឈម និងលទ្ធផលនៃសិក្ខាសាលាទាំង៣វគ្គ នឹងត្រូវយកមកពិនិត្យនិងពិភាក្សាដើម្បីដាក់ចេញនូវវគ្គបណ្តុះបណ្តាលជំនាញចំនួន ១លើក ដែលជាសកម្មភាពចុងក្រោយក្រោមគម្រោង RT4D ជូនដល់មន្ត្រីអនុវត្តច្បាប់របស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងជំរុញឱ្យការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕
ចែករំលែក