CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

គោលការណ៍ណែនាំស្តីពីការអនុវត្តតួនាទីនិងភារកិច្ចរបស់មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.

11 ខែ​មិថុនា, 2024

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋាន ក.ប.ប. ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានដឹកនាំកិច្ចប្រជុំណែនាំការងារចាំបាច់មួយចំនួន ដល់លោកប្រធាន/អនុប្រធានសាខា ប្រធានការិយាល័យទាំងអស់ នៃសាខា ក.ប.ប. រាជធានី ខេត្តទាំង ២៥។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមប្រតិភូ និងជាប្រធានអង្គប្រជុំ បានដាក់នូវបទបញ្ជាដូចខាងក្រោម៖
១- កំឡុងពេលអនុវត្តភារកិច្ច មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ និងវិជ្ជាជីវៈ។
២- ក្នុងសកម្មភាពចុះត្រួតពិនិត្យទីផ្សារ ឬទីតាំងលក់៖
ក- ប្រសិនបើរកឃើញនូវបទល្មើសណាមួយកើតឡើងក្នុងទ្រង់ទ្រាយតូចតាច ហើយ បទល្មើសនោះ មិនប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬមិនបង្កឱ្យមានពិការភាពឬ ការបាត់បង់អាយុជីវិតដល់អ្នកប្រើប្រាស់ ត្រូវអនុវត្តវិធានការអប់រំណែនាំអំពីគោលការណ៍ នៃច្បាប់ និងទោសប្បញ្ញត្តិនានា ជំនួសឱ្យវិធានការពិន័យអន្តរការណ៍។
ខ- ប្រសិនបើរកឃើញនូវបទល្មើសណាមួយកើតឡើងក្នុងទ្រង់ទ្រាយធំ ហើយបទល្មើសនោះមិនប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬមិនបង្កឱ្យមានពិការភាពឬការបាត់បង់អាយុជីវិត ដល់អ្នកប្រើប្រាស់ ត្រូវអនុវត្តវិធានការពិន័យអន្តរការណ៍ ស្របតាមបែបបទនិងនីតិវិធី ដែលបានកំណត់ដោយប្រកាសអន្តរក្រសួងលេខ ៣៣៨ សហវ.ប្រក ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម ជាដាច់ខាត។
គ- ប្រសិនបើរកឃើញបទល្មើសណាមួយ ដែលបានបង្កឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬបង្កឱ្យមានពិការភាពឬការបាត់បង់អាយុជីវិតដល់អ្នកប្រើប្រាស់ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលទទួលបាននីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ឬនគរបាលយុត្តិធម៌ ត្រូវ អនុវត្តទណ្ឌកម្មដែលត្រូវបានបញ្ញត្តិដោយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
៣- មន្រ្តីរូបណាដែលអនុវត្តវិធានការពិន័យអន្តរការណ៍ ដោយពុំមានចេញវិក្កយបត្របង់ប្រាក់ ពិន័យអន្តរការណ៍ និងបង្កាន់ដៃបង់ប្រាក់ឱ្យបុគ្គលល្មើស ត្រូវទទួលរងនូវទណ្ឌកម្មស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

ចែករំលែក